ការប្រើប្រាស់ Google AdSense សម្រាប់រកប្រាក់ចំណូលពីគេហទំព័រ ឬប្លក់ (Blog) គឺជាវិធីពេញមួយនិយមមួយ ។ គ្រាន់តែចម្លងកូដ ឬ Script មកដាក់ក្នុងគេហទំព័រ មិនមែនជាអ្វីដែលពិបាកនោះទេ ។ សំខាន់គឺត្រង់ថាតើត្រូវដាក់របៀបណាទើបមិនខុសពីច្បាប់ និងការកំណត់របស់ Google AdSense ដើម្បីជៀសវាងការបិទគណនីដោយស្វ័យប្រវត្តិ ។ សំបុកអាយធីនឹងបង្ហាញលោកអ្នកពីរបៀបរៀបចំ ផ្ទាំងផ្សាយពាណិជ្ជកម្មឲ្យត្រឹមត្រូវតាមការណែនាំ និងក្បួនច្បាប់របស់ AdSense ។
តើ Google AdSense ជាអ្វី?
Google AdSense គឺជាបណ្តាញផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន Google ដែលអនុញ្ញាតឲ្យអ្នកសរសេរប្លក់ និងម្ចាស់គេហទំព័រនានា អាចមានឱកាសរកប្រាក់ចំណួលបានដោយគ្រាន់តែធ្វើការបង្ហាញផ្ទាំងផ្សាយពាណិជ្ជកម្ម ដូចជាអក្សរ រូបភាព ឬវីដេអូ ដែលទាក់ទងនឹងអត្ថបទដែលមានក្នុងគេហទំព័រលោកអ្នក ។ បើគេហទំព័រ ឬប្លក់លោកអ្នកអាចដាក់ Google AdSense អាចនិយាយបានថាងាយស្រួល ព្រោះលោកអ្នកមិនបាច់ចំណាយពេលទំនាក់ទំនងជាមួយអ្នកផ្សាយពាណិជ្ជកម្មផ្ទាល់ឡើយ ឬទាក់ទងនឹងការប្រមូលប្រាក់ក៏មិនត្រូវបារម្ភដែរ ។ Google បានធ្វើការងារជំនួសអ្នកទាំងអស់ លោកអ្នកចាំតែយកប្រាក់ដែលបានគណនាដោយ Google ពីចំនូនណាមួយ ដែលលោកអ្នកអាចបានពីគេហទំព័រ ឬប្លក់អ្នក ។
AdSense ផ្តល់ជូនលោកអ្នកនូវការរកប្រាក់ដោយយោងតាមចំនួនដែលបានចុច cost-per-click (CPC) លើផ្ទាំងផ្សាយពាណិជ្ជកម្មណាមួយ ដែល Google បានដាក់លើគេហទំព័រ ឬប្លក់លោកអ្នក ។
ចាប់ផ្តើមជាមួយ Google AdSense
ជាដំបូងលោកអ្នកត្រូវតែចុះឈ្មោះជាមួយគណនី Google AdSense ជាមុនសិន ប្រសិនបើលោកអ្នកមានគណនី Gmail សូមប្រើគណនីដែលលោកអ្នកមានស្រាប់នោះ ដើម្បីចុះឈ្មោះ ។ នៅពេលដែលលោកអ្នកបានចុះឈ្មោះរួចហើយ អ្នកនឹងទទួលបានសារអេឡិចត្រូនិចត្រឡប់មកវិញ ក្នុងអំឡុង ៦ ទៅ ៨ម៉ោង (អាចដល់ពីរ ទៅបីថ្ងៃក៏មាន) ដែលនឹងបញ្ជាក់លោកអ្នកថា Adsense នឹងទទួលយកគេហទំព័រ ឬប្លក់ដែលលោកអ្នកបានចុះឈ្មោះនោះ ឬអត់ ។ ប្រសិនបើលោកអ្នកត្រូវបានគេទទួលយក លោកអ្នកអាចចាប់ផ្តើមបង្កើតផ្ទាំងផ្សាយ តាមរយៈកញ្ចប់កូដ ដែលផ្តល់ដោយ Google ។
សូមចុចលើ My ads ហើយបន្តចុចលើប៊ូតុង New ad unit
លោកអ្នកអាចកំណត់ឈ្មោះផ្ទាំងផ្សាយណាមួយ តាមការចំណាំរបស់លោកអ្នក តែមិនអាចដាក់ឈ្មោះជាន់គ្នាបានទេ ។ ឧទាហរណ៍៖ Right Banner Ads ជាដើម ។ យ៉ាងណាមិញ លោកអ្នកអាចជ្រើសរើសទំហំដែលត្រូវបានផ្តល់អនុសាសន៍ ដោយ AdSense ព្រោះថាទំហំទាំងនោះភាគច្រើនអ្នកផ្សព្វផ្សាយទូទៅនិយមបង្កើត និងអាចនឹងងាយទាក់ភ្នែកអ្នកមើលងាយលើផ្ទាំងផ្សាយនោះផងដែរ
មួយវិញទៀត លោកអ្នកគួរជ្រើសរើសយកប្រភេទផ្ទាំងផ្សាយ (Ad type) ជា Text & display ។ សម្រាប់ Backup Ads វិញ លោកអ្នកអាចជ្រើសយក Blank Space ឬប្រើផ្ទាំងផ្សាយរបស់លោកអ្នកក៏បាន ដែលវានឹងបង្ហាញផ្ទាំងទទេ (Blank Space) ឬផ្ទាំងផ្សាយរបស់អ្នក នៅពេលដែល AdSense មិនអាចរកផ្ទាំងផ្សាយណាមកបង្ហាញបាន តែវាជារឿងកម្រណាស់ ។
ចំណែកឯ Custom Channels វិញ អនុញ្ញាតឲ្យលោកអ្នកអាចតាមដានផ្ទាំងផ្សាយណាមួយបាន ។ លោកអ្នកអាចមិនប្រើវាក៏បាន បើលោកអ្នកមិនត្រូវការតាមដាន ។ បន្ថែមលើនេះ លោកអ្នកក៏អាចកំណត់ Ad Style តាមពណ៌ដែលលោកអ្នកត្រូវការ ឲ្យសាកសមនឹងគេហទំព័រ ឬប្លក់លោកអ្នក នៅពេលដែលផ្ទាំងផ្សាយចេញជាអក្សរ (Text-based Ad Unit) ។
បន្ទាប់ពីបានជ្រើសរើស និងកំណត់គ្រប់សព្វហើយ លោកអ្នកអាចរក្សាទុក និងទទួលយកកូដ ដោយចុចលើប៊ូតុង Save and get code អ្នកនឹងឃើញផ្ទាំងមួយលោកថា “Ad successfully created” សូមចម្លងកូដនោះ ទៅប្រើក្នុងគេហទំព័រ ឬប្លក់លោកអ្នក ។
របៀបដាក់កូដពី Google AdSense ចូល WordPress
លោកអ្នកត្រូវកំណត់ថា តើទីតាំងណាមួយ ដែលនឹងបង្ហាញផ្ទាំងផ្សាយរបស់ Google AdSense ។ ភាគច្រើនបំផុត គេនិយមដាក់នៅឯ Sidebar (ចំហៀងខាងឆ្វេង) ហើយកាន់តែងាយស្រួលទៀត ប្រសិនបើលោកអ្នកប្រើប្រាស់គេហទំព័រ ឬប្លក់លោកអ្នកជាប្រភេទ WordPress ដែលអាចដាក់កូដនៅត្រង់ Widget ប្រភេទជា Text ។ សូមចូលទៅកាន់ Appearance » Widgets ហើយទាញ Text widget មកដាក់តំរៀបនៅទីតាំងណាមួយ ហើយ Paste កូដដែលបានចម្លងពី AdSense មកដាក់ចូល ជាការស្រេច ។
ដាក់ផ្ទាំងផ្សាយរបស់ AdSense ឲ្យបានត្រឹមត្រូវ
ប្រសិនបើលោកអ្នកទទួលបានគណនី AdSense ហើយ សូមប្រើប្រាស់គណនីនេះ ឲ្យមានប្រសិទ្ធភាព និងយូរអង្វែង ។ លោកអ្នកក៏អាចបាត់គណនី AdSense នេះវិញ នៅពេលដែលលោកអ្នកមិនបានគោរពតាមច្បាប់ និងការកំណត់នានា ដែលលោកអ្នកបានយល់ព្រមពេលបង្កើតគណនីដំបូង ។
ខាងក្រោមនេះ ជាគន្លឹះមួយចំនួនដែលលោកអ្នកគួរពិចារណា ពេលរៀបចំផ្ទាំងផ្សាយលើគេហទំព័រ ឬប្លក់
- ទំហំដែលល្អប្រសើរជាងគេ៖ សម្រាប់ដាក់បង្ហាញផ្ទាំងផ្សាយ លើគេហទំព័រ ឬប្លក់លោកអ្នក គឺ 336×280 និង 300×250 ។ ទំហំទាំងពីរនេះ សាកសមទៅនឹងអេក្រង់កុំព្យូទ័រ និងទូរសព្ទ រួមទាំង iPad និង Tablet មួយចំនួនធំ ហើយទំហំទាំងនេះ ក៏ទទួលបានអត្រាតម្លៃប្រសើរផងដែរ (នៅពេលមានគេចុចលើផ្ទាំងផ្សាយ ) ។
- កន្លែងដែលគួរដាក់ផ្ទាំងផ្សាយ៖ តាមពិតទៅ វាអាស្រ័យលើរូបរាងគេហទំព័រ ឬប្លក់លោកអ្នក ។ ពេលដែលលោកអ្នកមានអត្ថបទច្រើន មានគេនិយមអានច្រើន ជាប្រចាំ លោកអ្នកអាចនឹងទទួលបានចំណូលច្រើនពីការចុចផងដែរ ។ លោកអ្នកអាចបង្ហាញលើផ្ទាំងក្បែរ Logo ឬប៉ែកខាងស្តាំ – Sidebar ដែលមានចំនួនអ្នកអាចឃើញច្រើនជាងគេ ។ មួយវិញទៀត លោកអ្នកក៏អាចដាក់ក្នុងអត្ថបទ (Single Post) តែម្តងក៏បាន ។ តែសូមចំណាំថា កុំបង្ហាញផ្ទាំងផ្សាយរហូតដល់ធ្វើឲ្យអ្នកអាន មានអារម្មណ៍ធុញទ្រាន់ ។ គួរកុំដាក់ឲ្យមានផ្ទាំងលោតបាំងអេក្រង់ (Popup) ដែលវាខុសពីគោលការណ៍កំណត់របស់ AdSense ។
- មិនត្រូវចុចលើផ្ទាំងផ្សាយខ្លួនឯង៖ Google តឺងតែងត្រង់ចំណុចនេះណាស់! បើអ្នកចង់សាកចុច ឬច្រឡំដៃចុច នោះគណនី AdSense លោកអ្នកនឹងប្រឈមនឹងការបិទគណនីគ្រប់ពេលវេលា ។ សូមកុំប្រាប់ឲ្យនរណាម្នាក់ចុច ឬព្យាយាមបន្លំចុច បើអ្នកចង់ឲ្យគណនីនេះ មានអាយុកាលយូរអង្វែង ។ Google មិនងាយបោកបាននោះទេ សូមចងចាំ ។
ក្រោយពីបានអានចប់ហើយ តើលោកអ្នកយល់ច្បាស់ពី AdSense ហើយឬនៅ? បើនៅទេ សូមដាក់មតិសំនួរ បន្ថែមនៅប្រអប់ខាងក្រោម ។ ក្រុមការងារសំបុកអាយធី នឹងធ្វើការឆ្លើយតបលោកអ្នកវិញ ។
តើអ្នកមានចម្ងល់មែនទេ? សូមបញ្ចេញមតិនៅខាងក្រោមនេះ
Post a Comment