ថ្ងៃនេះ ខ្ញុំសូមបង្ហាញជូនលោកអ្នកដែលជាអ្នកប្រើប្រាស់ប្លុកករ (Blogger) ទាំងអស់ ឲ្យចេះវិធីការពារប្លុករបស់អ្នកពីការលួចចូលនៃហេគឃឺ (Hacker)។ គួរបញ្ជាក់ផងដែរថា ខ្ញុំមិនមែនជាអ្នកជំនាញខាងប្លុកករ ឬជាអ្នកខ្លាំងខាងការពារនោះទេ គឺនេះគ្រាន់តែជាគន្លឹះបន្តិចបន្តួចដែលខ្ញុំស្រាវជ្រាវចេញពី Google ប៉ុណ្ណោះ ហើយវាជាគន្លឹះសាមញ្ញមួយផងដែរ។ សង្ឃឹមថាលោកអ្នកនឹងអាចយល់ និងចេះការពារខ្លះផងដែរ។ ដូចនេះ សូមមើលពីគន្លឹះទាំង ៦យ៉ាង ដើម្បីការពារប្លុកកររបស់យើង។
អ្នកចេះលួចចូលគណនី គេម្នាក់ៗមិនមែនជាអ្នកដែលជំនាញធម្មតាៗនោះទេ ពួកគាត់ពិតជាមានចំណេះដឹងខ្លះណាស់ដែរ ហើយចំពោះ ហេគឃឺ ក៏មិនមែនសុទ្ធតែអាក្រក់ទាំងអស់ដែរ។ ហេគឃឺមួយចំនួន ជួយសង្គមជាតិ ជួយបង្ហាញវិធីការពារដល់យើង និងមួយចំនួនទៀត មានគំនិតផ្សេងៗ។ ទោះជាយ៉ាងណាក្តី យើងត្រូវការពារសុវត្ថិភាពគណនី របស់យើងឲ្យបានល្អទើបជាការប្រសើរ។
1. ពាក្យសម្ងាត់ខ្លាំង និងផ្លាស់ប្តូរពាក្យសម្ងាត់ញឹកញាប់ ៖
ពាក្យសម្ងាត់របស់អ្នក ដែលប្រើសម្រាប់ប្លុកករគឺត្រូវលាយឡំជាមួយតួអក្សរ និមិត្តសញ្ញានានា លេខច្រើនខ្ទង់ជាដើម និងមិនត្រូវបើចំហ ឲ្យគេដឹង អ៊ីម៉ែល (Email) ឬអាយឌី (ID) របស់ប្លុកយើងឡើយ។ មួយទៀត គឺលោកអ្នកអាចផ្លាស់ប្តូរពាក្យសម្ងាត់ជារៀងរាល់ ៣ខែម្តង ឬអាច៦ខែម្តង។ ការធ្វើបែបនេះ អាចជួយឲ្យគណនីរបស់យើងកាន់តែមានសុវត្ថិភាពរឹងមាំ។
2. មានគណនីគ្រប់គ្រងប្លុកច្រើនជាងមួយ ៖
អ្នកគប្បីត្រូវប្រើអ៊ីម៉ែល (Email) សម្រាប់គ្រប់គ្រងប្លុកលើសពី១ ដើម្បីជួយការពារនៅពេលដែលមានគេជ្រៀតចូលគណនីរបស់យើង នោះយើងនឹងអាចសង្គ្រោះវាបានទាន់ពេល។ ហើយបើសម្រាប់បទពិសោធន៍ខ្ញុំវិញ គឺខ្ញុំមិនដែលប្រើគណនីសម្រាប់ប្លុកករ ទៅប្រកាសអត្ថបទឡើយ ព្រោះអាចឲ្យគេងាយចូលស្វែងរកអ៊ីម៉ែលរបស់យើង។ :D (នេះគ្រាន់តែជាគំនិតខ្ញុំ)
3. ដំឡើងកម្មវិធីដើម្បីឲ្យមានការបញ្ជូនដំណឹងបន្ទាន់ ៖
នៅផ្នែកនេះ គឺចង់ឲ្យយើងចេះភ្ជាប់គណនីរបស់យើង ទៅជាមួយនឹង លេខទូរសព្ទ ឬសេវាបម្រើផ្សេងៗ ដើម្បីឲ្យគេបញ្ជូនដំណឹង មកកាន់យើងនៅពេលមានការប្រែប្រួលផ្នែកណាមួយនោះ នៅក្នុងប្លុកកររបស់យើង ដូចជាមានការលុបកូដផ្សេងៗជាដើម។
4. បម្រុងប្រយ័ត្ន និងពិនិត្យទៅលើស្បែក (Template) ប្លុកកររបស់អ្នក ៖
មុនដំបូងអ្នកគួរតែចេះទាញយកស្បែក (Template) ទុកក្រែងថ្ងៃណាមួយមានបញ្ហាកើតឡើង។ ហើយផ្នែកមួយទៀត អ្នកគប្បីត្រូវពិនិត្យទៅលើ ស្បែកប្លុកករដែលបានពីការទាញយកឲ្យបានត្រឹមត្រូវព្រោះនៅក្នុង នោះអាចមានមេរោគ ឬអាចមានកូដណាមួយ ដែលធ្វើឲ្យប្លុកកររបស់យើងងាយរងគ្រោះពីការលួចគណនី។ ចំពោះមេរោគវិញ បើគ្មានគេ ហេគ (Hack) ក៏អាចត្រូវក្រុមហ៊ុន Google បិទប្លុករបស់អ្នកចោលដែរ ព្រោះដើម្បីចៀសវាងពីមេរោគ។
5. បម្រុងទុក (Back up) ទិន្នន័យប្លុកកររបស់អ្នកយូរៗម្តង ៖
នៅក្នុងប្លុកករ មានមុខងារមួយដែលយើងអាចទាញយកទិន្នន័យក្នុងប្លុករបស់យើងមក ទុក។ ដូចនេះ វាជាជម្រើសល្អបំផុតសម្រាប់លោកអ្នក ព្រោះថាគ្មានអត្ថបទណាមួយត្រូវបានបាត់បង់ឡើយ នៅពេលដែលគេ ហេគ ហើយចូលទៅលុប ក៏អត្ថបទដែលយើងប្រកាសមិនបាត់បងទៅណាដែរ។ ការធ្វើបែបនេះ មិនមែនធ្វើគ្រប់ពេល រាល់ពេលនោះទេ គឺជារៀងរាល់ ៥ ប្រកាសម្តង ឬ១០ ប្រកាសម្តង។
6. មិនសរសេររិះគន់ ឬប្រមាថទៅលើហេគឃឺ (Hacker) ៖
ក្នុងចំណុចទី៦ នេះខ្ញុំជាអ្នកបន្ថែមទៅលើការសរសេរដោយខ្លួនឯង។ យើងគួរតែដឹងថា ការរិះគន់ទៅលើនរណាម្នាក់ ដោយចំៗ គេអាចនឹងប្តឹងយើង ឬជួលគេ ហេគ យើងលេងៗ។ ម្យ៉ាងទៀត យើងមិនគួរសរសេររិះគន់ធ្វើឲ្យ ហេគឃឺ គេមានចិត្តស្អប់យើងនោះទេ ព្រោះនេះជាការប្រឈម។


តើអ្នកមានចម្ងល់មែនទេ? សូមបញ្ចេញមតិនៅខាងក្រោមនេះ
Post a Comment