លោកអ្នកគ្រាន់តែចំណាយពេលសរសេរអត្ថបទមួយ ដែលបង្ហាញពីសមត្ថភាព ឬរបកគំហើញថ្មី របស់ខ្លួនអ្នក ឬអំពីនរណាម្នាក់នោះគឺអាចរកលុយពី Google បានហើយ ។ ស្តាប់ទៅពិតជាងាយ មិនគួរឲ្យជឿមែន! ធាតុពិត វាមិនមែនងាយដូចគ្រាន់តែនិយាយ ហើយគ្រប់យ៉ាងនឹងអាចកើតឡើងនោះទេ ។ សំខាន់គឺអ្នកបានអនុវត្តន៍ក្នុងកម្រិតណា? ការជ្រើសរើសប្រធានបទបានត្រឹមត្រូវ មុននឹងចាប់ផ្តើមសរសេរ Blog បង្ហាញពីអ្វីមួយទៅឲ្យពិភពលោកបានដឹង ឬឃើញ ជារបស់មានតម្លៃ ដែលមនុស្សរាល់គ្នាប្រាថ្នាចង់បាន ។
ប្រធានបទគួរលើកមកសរសេរក្នុង Blog
ភាគច្រើនអ្នកដែលមានបំណងចង់ចាប់ផ្តើមសរសេរ Blog តែងតែគិតថា បើភាសាអង់គ្លេសខ្ញុំ មិនល្អផងធ្វើម៉េចអាចរកលុយតាមអ៊ីនធឺណេតបានទៅ? បើសរសេរជាភាសាខ្មែររកលុយម៉េចបាន? បើ Google មិនទាន់ស្គាល់ភាសាខ្មែរយើងផងហ្នឹង? អ្នកខ្លះទៀតនិយាយថា៖ ចង់តែចង់សរសេរហើយ តែគ្មានពេលសរសេរសោះ!
បើលោកអ្នកបានគិតដូចនេះ សូមក្រឡេកមកអានចំណុចមួយចំនួនខាងក្រោម ដែលអាចជួយលោកអ្នកក្នុងការជ្រើសរើសប្រធានបទ ដែលត្រូវនឹងជំនាញ ឬបច្ចេកទេសលោកអ្នក ។ សូមកុំព្យាយាមសរសេរតាមនរណាម្នាក់ ឬចម្លងឯកសារគេមកដាក់ជារបស់ខ្លួនឲ្យសោះ ។ វានឹងមិនជួយលោកអ្នកឲ្យខិតខំប្រឹងសរសេរអ្វីជារបស់ខ្លួន ព្រោះចម្លងមកប្រើសម្រាប់ វាងាយស្រួលពេកទៅហើយ ។ ខាងក្រោមនេះ ជាចំណាត់ថ្នាក់ប្រធានបទ មួយចំនួនដែលលោកអ្នកអាចនឹងលើកយកមកសរសេរ ។
ក. សរសេរសរទាក់ទងខ្លួនអ្នក
ការសរសេរ Blog ប្រៀបដូចជាកំណត់ហេតុមួយប្រចាំថ្ងៃអ៊ីចឹង ។ លោកអ្នកអាចសរសេរពីសកម្មភាព ឬលទ្ធផលសម្រេចណាមួយដែលលោកអ្នកបានទទួលជោគជ័យលើវា ហើយចែករំលែកឲ្យអ្នកដទៃ ដឹង និងសាទរជាមួយអ្នក ។ អ្នកក៏អាចសរសេរពីគម្រោងការងារអ្វីមួយ ដែលអាចធ្វើការស្នើរមតិពីមិត្តអ្នកអាន វិញក៏ថាបាន ។
ដំណោះស្រាយបញ្ហា
វាអាចជាប្រធានបទដ៏ល្អមួយ សម្រាប់លោកអ្នកចាប់ផ្តើមសរសេរ ។ លោកអ្នកអាចរៀបរាប់ពីបញ្ហានានា ដែលលោកអ្នកជួបប្រទះ និងដំណោះស្រាយដែលលោកអ្នកបានរកឃើញ ហើយដោះស្រាយដោយជោគជ័យ ។ អ្នកអាចសរសេរពីអ្វីដែលអ្នកមិនពេញចិត្ត ហើយចង់កែលម្អឲ្យប្រសើរមកវិញ តាមវិធីនានាជាដើម ។
ការសរសេរ Blog អាចជួយលោកអ្នកក្នុងការបំបាត់ភាពស្មុគស្មាញ ឬតានតឹងនៅក្នុងចិត្ត ហើយអាចនឹងទទួលបានគន្លឹះនានា ដែលជាដំណោះស្រាយកង្វល់លោកអ្នកបានផងដែរ ។
ភាពខ្លាចរអា មិនហ៊ានប្រឈមមុខ
ប្រសិនបើលោកអ្នកមិនហ៊ានប្រឈមមុខ នឹងអ្វីមួយ ហើយលាក់ទុកក្នុងចិត្ត នោះអ្នកនឹងមិនហ៊ានរហូត ។ បើអ្នកខ្លាចខ្មោច អ្នកអាចសរសេរពីវា ហើយស្វែងរកមូលហេតុដែលអ្នកខ្លាចបាន ។ ភាពខ្លាចរអា ដែលកប់នៅក្នុងចិត្តលោកអ្នក គ្មានជើងរត់ចេញមកដោយខ្លួនឯងនោះទេ ។ ការសរសេរអាចជួយលោកអ្នក ឲ្យស្គាល់ពីខ្លួនឯងបានច្រើន និងលុបបំបាត់មន្ទិលសង្ស័យនៅក្នុងចិត្ត ។
ចំណង់ចំណូលចិត្ត
បើលោកអ្នកចូលចិត្តមើលរឿង សូមសរសេរពីអត្ថបទដែលទាក់ទងនឹងរឿងដែលលោកអ្នកបានមើល ដោយលើកយកចំណុចសំខាន់ៗ មកធ្វើការបកស្រាយ ។ បើលោកអ្នកចូលចិត្តលេងបាល់ទាត់ សូមសរសេរពីបច្ចេកទេសលេងបាល់ និងអត្ថប្រយោជន៍នានានៃការលេងបាល់ ។ បើលោកអ្នកចូលចិត្តថតរូបបច្ចេកទេស ដោយប្រើកាមេរ៉ាស្តង់ដារ សូមលោកអ្នកសរសេរពីបច្ចេកទេសថតរូបយ៉ាងណា ទើបទទួលបានលទ្ធផលដូចអ្នក ឬកែខៃតាមរបៀបណា ទើបជួយលើកគុណភាពរូបភាពលោកអ្នក ។
សូមស្វែងរក និងកំណត់ចំណាំនូវចំណូលចិត្តផ្ទាល់ខ្លួនលោកអ្នក ។ សូមកុំចំណាយពេលធ្វើត្រាប់តាមនរណាម្នាក់ វាអាចនឹងនាំលោកអ្នកដើរតាមវិថី មិនមែខ្លួនអ្នក ឬខុសជំនាញដែលខ្លួនមាន ។
ក្តីស្រមៃ
ប្រសិនបើលោកអ្នកស្រមៃថា នឹងក្លាយជាកំពូលតារាចម្រៀង អ្នកអាចសរសេរពីជំហានដំបូងនៃការប្រឡូកចូលវិស័យសិល្បៈ ឬចង់ក្លាយជាអ្នកតែងនិពន្ធបទភ្លេងសម្រាប់ជាតិខ្លួន ដោយមិនចង់ឲ្យមានវប្បធម៌ចម្លងពីបរទេស ។ បើអ្នកស្រមៃថា អ្នកនឹងអាចក្លាយជាអ្នកជំនួញដ៏ល្បីឈ្មោះ អ្នកអាចចាប់ផ្តើមសរសេរពី គន្លឹះនៃការចាប់ផ្តើមអាជីវកម្ម ដើម្បីអានឈានដល់គោលដៅ ជាដើម ។ល។
ខ. សរសេរសម្រាប់អ្នកដទៃ
លោកអ្នកអាចសរសេរអត្ថបទឲ្យគេហទំព័រ ឬ Blog ដទៃបាន ប្រសិនបើលោកអ្នកគិតថា អាចសរសេរឲ្យពួកគេបាន ។ វាតម្រូវឲ្យលោកអ្នក មានជំនាញ និងបច្ចេកទេសគួរសមដែរ ។ មុននឹងលោកអ្នកចង់សរសេរឲ្យ Blog ណាមួយ លោកអ្នកគួរចាប់ផ្តើមសរសេរសម្រាប់ខ្លួនឯង ឲ្យបានប្រសើរជាមុនសិន ។
មួយវិញទៀត ការសរសេរឲ្យអ្នកដទៃ លោកអ្នកត្រូវគោរពតាមក្បួន និងការកំណត់នានានៅក្នុង Blog នីមួយៗ ។ ខាងក្រោមនេះ ជាប្រធានបទ មួយចំនួនដែល Blog ភាគច្រើនអនុញ្ញាតឲ្យលោកអ្នកសរសេរអត្ថបទសម្រាប់ពួកគេ ។
ការបង្រៀន – គន្លឹះ និងបច្ចេកទេសដោះស្រាយ
លោកអ្នកដែលនិយមចូលចិត្តរៀនតាមអ៊ីនធឺណេត ប្រហែលជាធ្លាប់អានគន្លឹះ និងដំណោះស្រាយមួយចំនួន ដែលលោកអ្នកមិនធ្លាប់ជួបប្រទះ ឬពិបាកដោះស្រាយ ។ វាជាប្រភេទ គេហទំព័រ ឬ Blog ដែលពេញនិយមមួយបែប មិនថាក្នុងស្រក ឬបរទេសនោះទេ ។ បើលោកអ្នកមានចំណាប់អារម្មណ៍បែបនេះ លោកអ្នកអាចចាប់ផ្តើមសាកល្បងបាន ព្រោះថា គ្មាននរណាម្នាក់ជៀសផុត ពីចំណុចបញ្ហានានា ដែលកើតចេញពីការបំពេញការងារ ឬប្រើប្រាស់កម្មវិធីកុំព្យូទ័រណាថ្មីៗ បានឡើយ ។ បន្ថែមពីលើការសរសេរ លោកអ្នកក៏អាចបង្កើតជាវីដេអូបង្រៀនបានផងដែរ ។
បង្ហាញពីជំនាញ
វាជាជម្រើសដ៏ល្អបំផុតមួយ ប្រសិនបើលោកអ្នកចង់ចែករំលែកបច្ចេកទេស ឬជំនាញទៅកាន់ពិភពលោក ឲ្យបានដឹង ។ បើលោកអ្នកមានបច្ចេកទេសក្នុងការរៀបចំគម្រោងផែនការ ឬផ្នែកសំណង់ ស្ថាបត្យកម្ម លោកអ្នកក៏អាចសរសេរបង្ហាញពីស្ថាដៃ នៃការរៀបចំគម្រោងសាង់សង់អ្វីមួយ ដែលកើតចេញពីគំនិតច្នៃប្រឌិតរបស់ខ្លូនអ្នក ។ ប្រសិនបើការសរសេរ រួមជាមួយសមត្ថភាពដែលលោកអ្នកបានបង្ហាញ លោកអ្នកអាចនឹងក្លាយជាមនុស្សល្បីឈ្មោះប្រចាំផ្នែក ស្ថាបត្យកម្ម នោះលោកអ្នកអាចបង្កើនអាជីវកម្មបានផងដែរ ។
សេចក្តីសន្និដ្ឋាន
ក្រោយពីបានអាន និងស្វែងយល់ពីចំណាត់ថ្នាក់នីមួយនៃប្រធានក្នុងការសរសេរ Blog ហើយ លោកអ្នកប្រហែលជាមានអារម្មណ៍ថា ចង់សាកល្បងចាប់ផ្តើមសរសេរ … សូមកុំរង់ចាំ! លោកអ្នកអាចសរសេរបង្ហាញពីអ្វី ដែលលោកអ្នកគិតថាចង់ចែករំលែកឲ្យអ្នកដទៃដឹង ឬជួយដោះស្រាយ ។ បន្ទាប់ពីបានសរសេររួចហើយ សូមចែករំលែកតាមរយៈបណ្តាញមិត្តភក្កិលោកអ្នក ឲ្យពួកគេដឹង ថាលោកអ្នកបាននឹងកំពុងធ្វើ នូវអ្វីបានធ្លាប់មាននិយាយជាមួយពួកគេ ។
Blog របស់លោកអ្នកអាចនឹងល្បី ក្នុងពេលឆាប់ៗ បន្ទាប់ពីមានអ្នកចូលចិត្តតាមដានអាន អត្ថបទដែលបានសរសេរដោយលោកអ្នក ។ សូមចាប់ផ្តើមពីពេលនេះ បើលោកអ្នកមានបំណងចង់ក្លាយជាអ្នកសរសេរអត្ថបទដ៏ល្អម្នាក់ ។ ពេលដែលលោកអ្នកទទួលបានការគាំទ្រហើយ លោកអ្នកនឹងអាចរកប្រាក់ចំណូលបាននៅពេលនោះផងដែរ ។
តើអ្នកមានចម្ងល់មែនទេ? សូមបញ្ចេញមតិនៅខាងក្រោមនេះ
Post a Comment